ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖
កាលពីដើមខែកញ្ញា ២០២៥កន្លងទៅនេះ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (ហ្គេតស៊ី) បានដឹកនាំជំនួយមនុស្សធម៌ជូនជនភៀសសឹកនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលជាខេត្តគោលដៅរបស់ខ្លួន។ជំនួយមនុស្សធម៌នេះគឺផ្តល់ជូនជនភៀសសឹកដែលមានតម្រូវការជីវភាពខ្លាំងបំផុត ដោយអាទិភាពជូនស្រ្តីជាមេគ្រួសារដែលមានកូនក្នុងបន្ទុកច្រើន ជនចាស់ជរា អ្នកមានពិការភាព និងគ្រួសារកងទ័ពដែលមានចំនួនសរុប១០១នាក់ (ស្រ្តី:៦១នាក់ បុរស: ៤០នាក់)។ ដំណើរការណ៍នៃការចែកអំណោយនេះគឺអនុលោមទៅតាមគោលការណ៍មនុស្សធម៌ ដែលរួមមានការគោរពនូវសេចក្តីថ្លៃថ្នូរ ការគិតគូរនូវសុវត្ថិភាពជាចម្បង និងការផ្តល់នូវអំណាចដល់អ្នកទទួលផងដែរ។ ជំនួយមនុស្សធម៌នេះផ្តោតលើចំនុច៤សំខាន់ៗដូចជា៖ ជំនួយជាសម្ភារៈ ជំនួយជាការគាំទ្រផ្នែកសង្គម ការគាំទ្រផ្នែកផ្លូវចិត្ត និងជំនួយជាសាច់ប្រាក់។
សកម្មភាពជំនួយមនុស្សធម៌នេះទទួលបានការគាំទ្រពីNorwegian People Aid (NPA) ក្រោមគម្រោង “ក្តីសង្ឃឹមនៅឯព្រំដែន ជំនួយមនុស្សធម៌សម្រាប់ជនភៀសសឹកដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ” និងកញ្ចប់ថវិកាផ្ទាល់របស់អង្គការហ្គេតស៊ី។