ប្លុក

ទិវាអភិរក្សធម្មជាតិពិភពលោកក្រោម មូលបទ “រួមបញ្ចូលស្ត្រី និងក្មេងស្រីគ្រប់ចម្រុះភាពក្នុងការការពារធនធានធម្មជាតិ”

ផ្សាយ​ថ្ងៃ ចន្ទ 08, 24
 
កាលពីខែកក្កដា ២០២៤ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាក្នុងភាពជាដៃគូជាមួយ អង្គការរីខូហ្វ បានរៀបចំទិវាអភិរក្សធម្មជាតិពិភពលោកក្រោម មូលបទ “រួមបញ្ចូលស្ត្រី និងក្មេងស្រីគ្រប់ចម្រុះភាពក្នុងការការពារធនធានធម្មជាតិ” ដែលធ្វើឡើងនៅក្នុងសហគមន៍ការពារធម្មជាតិកោះទន្លាក្រាស់ក្នុងភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងសហគមន៍ការពារធម្មជាតិវាំងខ្វាវក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ទិវាអភិរក្សធម្មជាតិពិភពលោកនេះរៀបចំឡើងក្នុង គោលបំណងលើកកម្ពស់ការយល់ដឹង ដល់ ប្រជាសហគមន៍អំពីសារៈសំខាន់នៃការចូលរួមរបស់ស្រ្តី និងក្មេងស្រីគ្រប់ចម្រុះភាពក្នុងការការពារធម្មជាតិ បង្កើនចំណេះដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលុបបំបាត់គ្រប់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងបរិបទបរិស្ថាន។
ទិវាអភិរក្សធម្មជាតិពិភពលោកនេះមានអ្នកចូលរួមសរុបទាំង២សហគមន៍ប្រមាណ២៥០នាក់ ក្នុងនោះមានស្រ្តីប្រមាណ១៤០នាក់ (ក្មេងស្រី៥នាក់ ក្មេងប្រុស៥នាក់ និងអ្នកមានពិការភាព១នាក់)។ ជាលទ្ធផល អ្នកចូលរួម រួមមានក្មេងស្រី ស្រី្ត ប្រជាពលរដ្ឋ អាជ្ញាធរ ព្រមទាំង សមាជិកគណៈកម្មការ ក្នុងសហគមន៍បានយល់ដឹង ទទួលស្គាល់ពីតួនាទី និងគុណតម្លៃក្នុងការចូលរួមពីក្មេងស្រី និងស្រ្តីគ្រប់ចម្រុះភាពក្នុងការការពារធនធានធម្មជាតិ។ ក្នុងនោះផងដែរអាជ្ញាធរមូលដ្ឋានបានចូលរួមបង្កើនការយកចិត្តទុកដាក់លើការការពារធនធានធម្មជាតិ និងដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងសហគមន៍ តាមរយៈការលើកឡើងដោយលោកស្រីឈឹម ចាន់ស៊ី ជំទប់ទី១បាននិយាយថា “យុទ្ធនាការនេះ មិនត្រឹមតែសំដៅលើការការពារធម្មជាតិ១មុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការដាក់បញ្ចូលស្ត្រី និងក្មេងស្រីក្នុងការការពារធម្មជាតិ និងរួមបញ្ចូលការយល់ដឹងអំពីបញ្ហានៃអំពើហិង្សាផងដែរ។ ហើយក្នុងឆ្នាំ ២០២៤-២០២៥ ឃុំអន្សាចំបក់បានប្តេជ្ញាចិត្តនឹងបង្កើនថវិកាឆ្លើយតបនឹងយេនឌ័រ ដើម្បីបំពេញការងារលើសន្តិសុខ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការការពារធនធានធម្មជាតិ”។